វប្បធម៏ប្រពៃណី / ហេតុអ្វីបានជាបុណ្យしちごさんសំរាប់តែក្មេងអាយុ3ឆ្នាំ 5ឆ្នាំ និង7ឆ្នាំ?

ហេតុអ្វីបានជាបុណ្យしちごさんសំរាប់តែក្មេងអាយុ3ឆ្នាំ 5ឆ្នាំ និង7ឆ្នាំ?

ជារៀងរាល់ឆ្នាំនៅថ្ងៃ15 ខែ11មានពិធីបុណ្យដ៏សំខាន់មួយគឺបុណ្យしちごさん ដែលឪពុកម្តាយត្រូវនាំកូនប្រុសស្រីដែលមានអាយុ3ឆ្នាំ 5ឆ្នាំ និង7ឆ្នាំទៅកាន់វត្តអារាមដើម្បីធ្វើការបន់ស្រន់អោយកូនៗមានសុខភាពល្អនិងជួយថែរក្សាអោយពួកគាត់ធំធាត់សុខសប្បាយ។

តើពិធីបុណ្យしちごさんជាអ្វី?

ពិធីបុណ្យនេះគឺតម្រូវអោយកូនប្រុសដែលមានអាយុ3ឆ្នាំ និង5ឆ្នាំ ចំណែកកូនស្រីអាយុ3ឆ្នាំ និង7ឆ្នាំចូលរួមពិធីបុណ្យしちごさん។ដោយឡែក ហេតុអ្វីត្រូវកំណត់អាយុ3ឆ្នាំ 5ឆ្នាំ និង7ឆ្នាំទៅវិញ?ចំពោះជនជាតិជប៉ុនតួរលេខទាំងនេះគឺជាលេខដែលកំណត់ចំណាំថានាំលាភសំណាង ប៉ុន្តែវាមិនមែនជាមួលហេតុសំខាន់ក្នុងពិធីបុណ្យនេះទេ។

髪置き(Kamioki)

តាំងពីសម័យកាលMeijiមកម្លេះ ក្មេងក្រោមអាយុ3ឆ្នាំត្រូវកោរសក់ រហូតដល់ក្រោយអាយុ3ឆ្នាំទើបអាចទុកសក់បាន ដូច្នេះដើម្បីអបអរសារទរដល់វ័យមួយនេះគេបានប្រារព្ធពិធីដែលមានឈ្មោះថា“髪置き”(Kamioki)។

袴着(Hakamagi)

ចំពោះក្មេងប្រុសក្រោយអាយុ5ឆ្នាំ ទើបពួកគេអាចចាប់ផ្តើមពាក់សំលៀកបំពាក់ប្រពៃណីបាន។ ចំពោះការពាក់សំលៀកបំពាក់លើកទីមួយរបស់កូនប្រុសបានត្រូវគេប្រារព្ធពិធីដែលមានឈ្មោះថា“ 袴着”(Hakamagi)។

帯解き(Obitoki)

ចំពោះកូនស្រីដែលមានអាយុ7ឆ្នាំ គឺមានន័យថាពួកគាត់អាចប្តូរខ្សែក្រវ៉ាត់កូនក្មេង(3ឆ្នាំនិង5ឆ្នាំ)របស់សំលៀកបំពាក់ជប៉ុនមកខ្សែក្រវ៉ាត់មនុស្សពេញវ័យបាន។ហើយពិធីក្នុងការប្តូរខ្សែក្រវ៉ាត់នេះត្រូវបានគេប្រារព្ធពិធីដែលមានឈ្មោះថា“帯解き”(Obitoki)។

សំលៀកបំពាក់ប្រពៃណីនៅពេលចូលរួមពិធីបុណ្យនេះក្មេងៗទាំងអស់ត្រូវចាំបាច់ពាក់សំលៀកបំពាក់ប្រពៃណីដែលត្រូវបានកំណត់ដូចខាងលើ ជាធម្មតាឪពុកម្តាយអាយជួលសំលៀកបំពាក់ទាំងនេះពីហាងសំលៀកបំពាក់ប្រពៃណីបាន។

千歲飴(ちとせあめ)

ក្រៅពីត្រូវពាក់សំលៀកបំពាក់ប្រពៃណី ក្មេងៗត្រូវកាន់ស្ករ千歲飴(ちとせあめ)នៅក្នុងដៃពីឪពុកម្តាយ។千歲飴(ちとせあめ)ជាប្រភេទស្ករទាញដែលអាចទាញបានយ៉ាងវែង មានពណ៏សឬក្រហម ដូចឈ្មោះរបស់វាអញ្ចឹងអត្ថន័យនៃស្ករនេះគឺការជូនពរពីឪពុកម្តាយដល់កូនៗអោយមានអាយុវែង។ស្ករ千歲飴(ちとせあめ)ទាំងនេះជាធម្មតាគឺត្រូវបានដាក់ក្នុងប្រអប់ពណ៏សហើយស្តើង នៅពីលើប្រអប់អាចមានរូបអណ្តើក កុក ដើមស្រល់ ដើមឬស្សី។ល។ ដែលរូបទាំងនេះគឺសុទ្ធតែនាំសំណាងល្អ សុខភាពល្អ អាយុវែង និងអំណាចមកដល់កូនៗនាពេលអនាគត។បន្ទាប់ពីចូលរួមពិធីបុណ្យរួចរាល់ ក្រុមគ្រួសារទាំងមូលនឹងទៅស្ទូឌីយោដើម្បីថតរូបគ្រួសារនិងថតរូបក្មេងពាក់សំលៀកបំពាក់ប្រពៃណីម្នាក់ឯងទុកជាអនុស្សារវរីយ៏ ជាក់ស្តែង ការថតរូបបានក្លាយជាចំណែកមួយនៃវប្បធម៏របស់ពិធីបុណ្យしちごさんនេះផងដែរ។ប្រសិនបើអ្នកមានដំណើរកំសាន្តទៅលេងប្រទេសជប៉ុននៅខែ11  កុំភ្លេចជ្រើសរើយកថ្ងៃអោយត្រូវនឹងពិធីបុណ្យしちごさんនេះណា អ្នកនឹងឃើញក្មេងៗដែលពាក់សំលៀកបំពាក់ប្រពៃណីស្អាតៗជាច្រើន ហើយអ្នកអាចចូលរួមពិធីបុណ្យនេះបានយ៉ាងសប្បាយផងដែរ។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?