ទូទៅ / តើអ្នកត្រូវដឹងរឺរៀបចំរបស់អ្វីខ្លះនៅពេលទៅដើរលេងប្រទេសជប៉ុន?

តើអ្នកត្រូវដឹងរឺរៀបចំរបស់អ្វីខ្លះនៅពេលទៅដើរលេងប្រទេសជប៉ុន?

តាមពិតវាជាទំលាប់របស់មនុស្សផ្សេងៗគ្នាក្នុងការរៀបចំឥវ៉ាន់(វ៉ាលី)ទៅដើរលេង អ្នកខ្លះត្រូវយករបស់របរគ្រប់បែបយ៉ាងព្រោះមិនធ្លាប់ប្រើរបស់សណ្ឋាគារ អ្នកខ្លះទៀតអ្វីក៏មិនយកទៅជាមួយព្រោះយល់ថាឥឡូវតាមប្រទេសនានាប្រាកដជាមានផ្សារទំនើប ចាំទៅដល់កន្លែងហ្នឹងចាំទិញក៏មិនយឺត។

ហិះ!ហិះ!ចុះអ្នកវិញ មានទំលាប់អ្វីខ្លះក្នុងការរៀបចំវ៉ាលីនៅពេលទៅដើរលេងម្តងៗ?​ ខាងក្រោមនេះជាបទពិសោធន៍ខ្លះៗដែលអាចចែករលែកនឹងការរៀបចំបានទុកជាមុនពេលអ្នកទៅដើរលេងប្រទេសជប៉ុន។

♣ ឯកសារពាក់ព័ន្ធ: លិខិតឆ្លងដែននិងទិដ្ឋាការត្រូវត្រួតពិនិត្យអោយបានច្បាស់លាស់ថាវាពិតជានៅក្នុងកាបូបរបស់អ្នក។

♣ សំភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក:​ តាមសណ្ឋាគារឬផ្ទះសំណាក់ធម្មតានៅប្រទេសជប៉ុនគឺមិនមានទុកដាក់សំភារៈបន្ទប់ទឹកដូចជា សាប៊ូកក់សក់ សាប៊ូលាងខ្លួន ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ។ល។ ​ អោយភ្ញៀវនោះទេ ដូច្នេះសំភារៈទាំងនោះយកល្អអ្នកគួរតែបម្រុងទុកខ្លះនៅក្នុងវ៉ាលី។ប៉ុន្តែអ្នកក៏អាចរកទិញនៅផ្សារទំនើបបានដូចគ្នា ប្រសិនបើជើងហោះហើររបស់អ្នកគឺនៅពេលថ្ងៃ។


♣ របស់ដែលចាំបាច់ត្រូវដាក់តាមខ្លួន: ឆ័ត្រ (នៅជប៉ុនឧស្សាហ៏ធ្លាក់ភ្លៀង) ស្បែកជើងផ្ទាត់ (នៅក្នុងសណ្ឋាគារគឺមិនមានស្បែកជើងផ្ទាត់ទុកអោយទេ)។

♣ ក្រដាស់រឺកន្សែងជូត: ដោយសារប្រជាជនជប៉ុនគឺមានទំលាប់ប្រើកន្សែងជូតដៃ ដូច្នេះតាមបន្ទប់ទឺកគឺមិនមានក្រដាសជូតដៃអោយទេ។អ្នកអាចយកក្រដាស់រឺកន្សែងជូតដៃដាក់តាមខ្លួនបានគ្រប់ពេលវេលា។


♣ ដបរឺកែវទឹកក្តៅ: ទឹកដែលដាក់តាមសណ្ឋាគារឬផ្ទះសំណាក់នៅជប៉ុន ភាគច្រើនគឺជាទឹកទឹកកក ទោះជានៅរដូវរងាក៏ដូចគ្នាដែរ ដូច្នេះ ចំពោះអ្នកដែលមិនអាចផឹកទឹកទឹកកកបាន អាចដាំទឹកក្នុងសណ្ឋាគារ ហើយដាក់ចូលដបទឹកក្តៅដោយខ្លួនឯងមុននឹងចេញទៅខាងក្រៅបាន។ម្យ៉ាងទៀត ដោយសារតំលៃភេសជ្ជៈនៅប្រទេសជប៉ុនរៀងថ្លៃ អ្នកដំណើរភាគច្រើនអាចផឹកទឹកម៉ាស៊ីនតាមទីសាធារណះបាន ទឹកម៉ាស៊ីននៅទីនោះគឺស្អាតនិងអនាម័យ។

♣ គ្រឿងសំអាង (គ្រឿងMake Up): អ្នកអាចយកទៅតិចឬមិនចាំបាច់យកទៅជាមួយក៏បាន។ដោយសារនៅប្រទេសជប៉ុនមានហាងលក់គ្រឿងសំអាងជាច្រើន ហើយមានគុណភាពខ្ពស់។ អ្នកអាចជ្រើសរើសផលិតផលមួយណាក៏បាន អោយតែយកលុយដាក់តាមខ្លួនអោយបានច្រើនជាការស្រេច។

♣​​ ព្រីភ្លើង:កំលាំងអគ្គិសនីនៅប្រទេសជប៉ុនគឹ100វ៉ុល​(នៅកម្ពុជាគឺ220វ៉ុល) ហើយព្រីភ្លើងគឺមានសណ្ធានរន្ធពីរទាំងអស់។ប្រសិនបើអ្នកមានត្រូវយកសំភារៈអគ្គិសនីពីក្នុងប្រទេសទៅ កុំភ្លេចសាកសួររកថ្មបន្លែងអគ្គិសនីពីកន្លែងផ្តល់ព៏តមាននៅក្នុងសណ្ឋាគារឬផ្ទះសំណាក់មុននឹងប្រើប្រាស់។

តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?