ទូទៅ / ធ្វើយ៉ាងដូចម្តេចបានរៀនជប៉ុនឆាប់ចេះ?

ធ្វើយ៉ាងដូចម្តេចបានរៀនជប៉ុនឆាប់ចេះ?

នេះជាសំណួរដែលកូនសិស្សជាច្រើនបានសួរ និងចង់ដឹង ថាតើមានវិធីសាស្ត្រអ្វីទៅដែលនាំអោយគាត់រៀនឆាប់ចេះ !!

ប្រសិនជាអ្នកដែលកំពុងអានអត្ថបទនេះ ក៏ជាអ្នកដែលចង់ដឹងដែលនោះ សូមអានអោយដល់ទីបញ្ចប់ និង ចែករំលែកដល់ មិត្តរបស់អ្នកផង៕

ខាងក្រោម គ្រាន់តែជាបទពិសោធន៍ និង គំនិតផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ ហើយក៏មិនមែនមានន័យថា ត្រូវ១០០%ផងដែល ប្រសិនជាអ្នកទាំងអស់គ្នាមានគំនិត និងយោបល់ណាមួយសូមចែករំលែកជាមួយនឹងខ្ញុំផង៕

**អ្នកដែលចង់ដឹងពីចម្លើយខាងលើ សូមឆ្លើយសំណួរ3ខាងក្រោមជាមុនសិន

1 ហេតុអ្វីបានជាអ្នករៀនភាសាជប៉ុន ?

2តើអ្នកមានពេល 2ម៉ោង ក្នុងការរំលឹក និង រៀនមេរៀនជារៀងរាល់ថ្ងៃទេ ?

3 តើអ្នកដឹងថា អ្នកចូលចិត្តមុខវិជ្ជាអ្វីជាងគេទេ? ឧទាហរណ៍ ថា មុខវិជ្ជា”សន្ទា “ ឬ មុខវិជ្ជា”វេយ្យាករណ៍” ជាដើម ?

ខ្ញុំសូមនិយាយពីមូលហេតុនៃការរៀនមិនចេះភាសាជប៉ុនជាមុនសិន ហើយបានខ្ញុំចែករំលែកពីិវិធីសាស្ត្រនៃការរៀនភាសាជប៉ុនអោយឆាប់ចេះវិញ

មូលហេតុនៃការរៀនមិនចេះភាសាជប៉ុន

1 មិនមានគោលដៅ ឬ ហេតុផលច្បាស់លាស់ ក្នុងការរៀន (អាចនិយាយថា គ្រាន់តែរៀនតាមគេទៅ ព្រោះគេបានប្រាក់ខែច្រើន)

2 ចាប់យកឯកសារច្រើនពេក មិនដឹងរៀនមួយណា ចោលមួយណា

3 រៀនហើយ មិនរំលឹក (រកលេសរវល់ការងារ ) ហើយមិនអនុវត្ត ក្នុងការប្រើប្រាស់

4 មិនហ៊ានសួរ , មិនហ៊ាននិយាយ នូវអ្វីដែលរៀនហើយ

5 ចូលចិត្តសួរសំណួរប្លែក ៗ ឬមិនត្រូវនឹងមេរៀន

6 មិនដឹងថាខ្លួនឯងខ្លាំង ក្នុងមុខវិជ្ជាមួយណា

7 មិនចូលចិត្តអាន ឬ មិនចូលចិត្តមើល

*ខាងលើគឺជាមូលហេតុទាំង៧ ក្នុងចំណោមមូលហេតុជាច្រើនដែលកូនសិស្សរៀនភាសាជប៉ុនមិនសូវចាប់បាន

ប្រសិនជាអ្នកក៏ជាសិស្សចំណោមពួកគាត់គួរណាតែចាប់ផ្តើមកែសម្រួលនូវចំនុចមិនល្អនេះចេញ

**ខាងក្រោម ខ្ញុំសូមធ្វើការចែករំលែក ពីវិធីសាស្ត្រក្នុងរៀនភាសាជប៉ុនដែលខ្ញុំឆ្លងកាត់

–សកម្មភាពគួរសាកល្បង —-

1 ស្វែងយល់ និង ចាប់ផ្តើមពីមុខវិជ្ជាដែលអ្នកចូលចិត្ត

2 អានអត្ថបទភាសាជប៉ុន យ៉ាងតិច 10នាទីក្នុង១ថ្ងៃ អានចេញសម្លេង អានអោយលឿន និង ច្បាស់ (ប្រសិនជាយល់ន័យរិតតែល្អ តែបើមិនយល់ក៏មិនជាអ្វីដែរ)

3 សាកល្បង ស្តាប់ចំរៀង ឬ វិដេអូ ជាភាសាជប៉ុនមុនពេលចូលគេង

4 សាកល្បងក្រោកពីម៉ោង 5 ហើយមើលកាន់ជី (kanji) ឬ ពាក្យ ( ក្នុង១ថ្ងៃតែ 5ទៅ 10 ពាក្យថ្មី ហើយ រំលឹក ពាក្យចាស់)

5 កុំចងចាំជាពាក្យ តែសូមចងចាំជាឃ្លា ឧទាហរណ៍ ごはん=បាយ (កុំចងចាំតែពាក្យថាបាយ គួរតែចាំឃ្លាថា ごはんをたべます ញ៉ាំបាយ )

6 រៀនបំបែកទម្រង់អោយស្ទាត់ និងសាកល្បង បង្កើតប្រយោគដែលទាក់ទង

7 គួរមានពេលសម្រាក ក្នុងការមើលទូរទស្សន៍ ហ្វេសប៊ូក ឬ កំសាន្តណាមួយ មិនអាចរៀនដោយមិនបន្ឋូរអារម្មណ៍នោះទេ

-យោបល់ផ្សេងៗ ទៀត

1 ចាប់ផ្តើមឈប់សួរសំណួរចម្លែកៗ (បែកឆ្វេង ដែលនាំខ្លួនឯងវង្វេង)

2 រៀនសសេរ អក្សរហ៊ីរ៉ាហ្គាណា និង កាតាកាណា អោយស្ទាត់ ដូចសសេរអក្សរខ្មែរ

3 កុំបង្ខំខ្លួនឯងទន្ទេញពាក្យ ថ្មី ក្នុង១ថ្ងៃ 50ពាក្យ ឬ ច្រើនជាងនេះ (តែរំលឹកអាចច្រើនជាងនេះ)

4 វេយ្យាករណ៍ដែលពិបាក ឬ មិនសូវយល់ច្បាស់ កុំព្យាយាមប្រើប្រាស់ទាំងឆ្គង អាចចាប់ផ្តើមដោយស្វែងយល់ និងប្រើប្រាស់តែ ប្រយោគដែលមានក្នុងសៀវភៅ ឬ ប្រយោគបានមកពីលោកគ្រូអ្នកគ្រូ

5 រៀនបំបែកអក្សរកាន់ជី ដើម្បីចងចាំ របៀបអាន និង អត្ថន័យរបស់អក្សរ ឧទាហរណ៍ 雨 (あめ) មានន័យថា ភ្លៀង → វិធីសាស្ត្រក្នុងចងចាំ គឺ ចាំរូបរាង នៃ អក្សរ ថា មានរាង ដូច ភ្លៀង ដោយសារមាន ដំណក់ ទឹក ជាដើម

ខាងលើគឺជាបទពីសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់កន្លងមក ហើយក៏សង្ឃឹមថា អាចជាប្រយោជន៍ដល់អ្នកសិក្សាភាសាជប៉ុនទាំងអស់គ្នាផងដែរ

ខ្ញុំបាទ Doraemon រីករាយនឹងទទួលយោបល់ និង​គំនិតផ្សេង ក្នុងន័យស្ថាប័នា

សូមអរគុណ!! សូមជំរាបលា

ជួបគ្នានៅអត្ថបទលើកក្រោយ !!!